ឯកឧត្តម ជាម ប៉េអា៖ ប្រព័ន្ធ​ព័ត៌មានវិទ្យាជួយ​ក្រុមប្រឹក្សា​សម្រេចចិត្ត​បាន​ត្រឹម​ត្រូវ

ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ជួយរដ្ឋបាលមូលដ្ឋានក្នុងការគ្រប់គ្រង ចាត់ចែងប្រព័ន្ធទិន្នន័យ និងដកស្រង់ព័ត៌មានឲ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីងាយស្រួលធ្វើសេចក្តីសម្រេចចិត្តឲ្យបានត្រឹមត្រូវ នៅពេលមានព័ត៌មានគ្រប់ជ្រុងជ្រោយ។

pito-he-pe-a
ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប

ថ្លែងក្នុងសិក្ខាសាលាបណ្តុះបណ្តាលមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ជាម ប៉េអា មានប្រសាសន៍ថា មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្តគឺជាតួអង្គមានសក្តានុពល និងជាអ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងការជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យខ្លាំងបន្ថែមទៀតខាងផ្នែកគ្រប់គ្រង និងសំយោគប្រព័ន្ធព័ត៌មាន និងទិន្នន័យ។

ឯកឧត្តម មានប្រសាសន៍ថា៖ «កាលណារដ្ឋបាលមូលដ្ឋានខ្លាំង កំណើនការងារ កំណើនសេដ្ឋកិច្ចនឹងធានាបាននិរន្តរភាព»។

លេខាធិការដ្ឋាន គ.ជ.អ.ប បានបណ្តុះបណ្តាលមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ចំនួន២៥រូប រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១២-១៤ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីពង្រឹងសមត្ថភាពទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ការធ្វើឲ្យសើរឡើងនូវគេហទំព័ររាជធានី ខេត្ត និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃនៅថ្នាក់ក្រោមជាតិ៕

ប្រភព៖ NCDD

Check Also

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចូលរួមប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួមជាមួយ ឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ឧត្តមសេនីយ៍ …