ពិធីប្រកាសតែងតំាងមុខតំណែងអភិបាលស្រុកថាឡាបរិវ៉ាត់ និង នាយករដ្ឋបាល នាយករងរដ្ឋបាល សាលាខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ០២ មីនា ២០១៥៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសតែងតាំង មុខតំណែងអភិបាលស្រុកថាឡាបរិវ៉ាត់ និង នាយករដ្ឋបាល នាយករងរដ្ឋបាល សាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត កុល សំអុល អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥។

ឯកឧត្តមបណ្ឌិត កុល សំអុល អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ”អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំង ខេត្តស្ទឹងត្រែង បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ របស់យើងលើគ្រប់វិស័យ។ ”

ឯកឧត្តមបណ្ឌិត បានលើកឡើងបន្ថែមទៀតថា សមិទ្ធផល និងស្នាដៃដែលខេត្តសម្រេចបាននាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការធានាបាននូវនិរន្តរភាព ប្រក្រតីភាពនៃស្ថាប័នជាតិ រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រុមជាតិ ដែលមានរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ទូទាំងប្រទេស បានធ្វើឲ្យកម្ពុជាយើងនៅតែទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក៏ដូចជាអ្នកវិនិយោគនានា ដែលជាមូលដ្ឋានធ្វើឲ្យកម្ពុជាយើងបោះជំហានទៅមុខជាបន្តទៀត។

នៅក្នុងប្រកាសនេះផងដែរ មន្រ្តីដែលត្រូវបានប្រកាសតែងតាំងគឺ លោក ថោង ស្រាន់ ពីនាយករងរដ្ឋបាលសាលាខេត្ត ទៅជាអភិបាលនៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់។ លោក ចៅ មុន្នីរ៉ា នាយករងរដ្ឋបាលសាលាខេត្ត ទៅជានាយករដ្ឋបាលសាលាខេត្ត។ លោក ម៉ែន គុង ប្រធានការិយាល័យ របៀប និងឯកសារ ទៅជានាយករងរដ្ឋបាលសាលាខេត្ត និងលោកស្រី ឌី សុជាតិ ជានាយករងរដ្ឋបាលសាលាខេត្ត ហើយចំពោះមុខនេះរដ្ឋបាលខេត្ត ក៏នឹងត្រូវរៀបចំតែងតាំងនាយករងរដ្ឋបាលសាលាខេត្តចំនួន ០១រូបបន្ថែមទៀតផងដែរ។

ឯកឧត្តមបណ្ឌិត ក៏បានស្នើមន្ទីរអង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋទូទាំង ខេត្តស្ទឹងត្រែង ផ្តល់ការគាំទ្រ និងបន្តរួមសហការជាមួយអស់លោក លោកស្រីដែលទើបទទួលបានការតែងតាំងក្នុងឱកាសនេះ ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តស្ទឹងត្រែង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត៕

 

ដោយ៖ មន្រ្តីព័ត៌មានវិទ្យាខេត្តស្ទឹងត្រែង

Check Also

ឯកឧត្តម ជាម ប៉េអា៖ ប្រព័ន្ធ​ព័ត៌មានវិទ្យាជួយ​ក្រុមប្រឹក្សា​សម្រេចចិត្ត​បាន​ត្រឹម​ត្រូវ

ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ជួយរដ្ឋបាលមូលដ្ឋានក្នុងការគ្រប់គ្រង ចាត់ចែងប្រព័ន្ធទិន្នន័យ និងដកស្រង់ព័ត៌មានឲ្យក្រុមប្រឹក្សា

Leave a Reply

Your email address will not be published. Required fields are marked *